វេជ្ជបណ្ឌិតនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅរសៀលថ្ងៃសៅរ៍នេះ បញ្ជាក់ថាចំនួនសំណាកឈាមមនុស្សឆ្លងមេរោគអេដស៍នៅភូមិរការ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង បានកើនដល់ទៅ១៤០នាក់ហើយរហូតមកដល់ពេលនេះ។
លោកវេជ្ជបណ្ឌិតDidier Fontenille នាយកវិទ្យាស្ថានប៉ាស្ទ័រនៅកម្ពុជា ប្រាប់VODនៅរសៀលថ្ងៃសៅរ៍នេះថាចំនួនសំណាកឈាមដែលត្រូវបានធ្វើតេស្តថាវិជ្ជមានបានកើនឡើងពីចំនួន៩០ កាលពីថ្ងៃសុក្រ រហូតមកដល់ចំនួន១៤០រហូតមកដល់រសៀលថ្ងៃសៅរ៍នេះ។ លោកមានប្រសាសន៍ថា«យើងបានបញ្ជាក់ថាសំណាកឈាមមនុស្ស១៤០នាក់វិជ្ជមានមេរោគអេដស៍រហូតមកដល់ពេលនេះ ក្រោយពីបានធ្វើតេស្តចំនួន៣ដង។ នេះជារឿងមិនធម្មតា»។
លោក Didier Fontenille បន្ថែមថាចំនួននេះអាចនឹងមានច្រើនជាងនេះបន្តទៀត ដោយសារសំណាកឈាមត្រូវបានផ្តល់ជាបន្តបន្ទាប់ពីខេត្តបាត់ដំបងដោយក្រសួងសុខាភិបាល។ លោកមិនអាចបញ្ជាក់ថាតើមានសំណាកឈាមប៉ុន្មានដែលត្រូវបានផ្តល់សម្រាប់ការធ្វើតេស្តរហូតមកដល់ពេលនេះនៅឡើយទេ តែលោកថាក្នុងការធ្វើតេស្តឈាមក៏មានសំណាកឈាមមួយចំនួនអវិជ្ជមានផងដែរ។ លោកថា«ខ្ញុំមិនទាន់ដឹងពីមូលហេតុច្បាស់លាស់(នៃការឆ្លងមេរោគអេដស៍)នោះទេ។ អ្នករាល់គ្នាមានការភ្ញាក់ផ្អើល ដោយសារវាមិនធម្មតា។យើងកំពុងតែស៊ើបអង្កេតលើបញ្ហានេះ។មន្រ្តីជំនាញនៅតាមមូលដ្ឋានក៏កំពុងតែស្រាវជ្រាវផងដែរ»។
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោក មាន ឈីវុន មានប្រសានស៍ថាក្រុមការងារកំពុងខិតខំស្រាវជ្រាវរកមូលហេតុជាក់លាក់។
កាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថាលោកមិនទាន់ជឿនៅឡើយទេ ករណីនៃការឆ្លងមេរោគអេដស៍លើអ្នកភូមិរាប់រយនាក់ ដែលរស់នៅក្នុងភូមិរការ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបងនៅឡើយទេ។
សេចក្តីប្រកាសព័ត៌មានរួមគ្នារបស់អង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាល អង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ និងវិទ្យាស្ថានប៉ាស្ទ័រនៅកម្ពុជា ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ឲ្យដឹងថាកាលពីចុងខែវិច្ឆិកាឆ្នាំ២០១៤ បុរសម្នាក់អាយុ៧៤ឆ្នាំ ដែលមកពីភូមិរការ ឃុំរការ បានធ្វើតេស្តឈាមរកមេរោគអេដស៍នៅមណ្ឌលសុខភាពរការ និងទទួលបានលទ្ធផលវិជ្ជមាន។ ក្រោយពីទទួលបានទទួលលទ្ធផលនេះ គាត់បានបញ្ជូនចៅស្រី និងកូនប្រសារប្រុសរបស់គាត់មកធ្វើតេស្ត ហើយពួកគេក៏ទទួលលទ្ធផលវិជ្ជមានដែរ។សេចក្តីប្រកាសបន្តថាបុរសម្នាក់នោះបានប្រាប់ទៅអ្នកភូមិដទៃថា គាត់ធ្លាប់ទទួលបានសេវាព្យាបាលពីអ្នកព្យាបាលជំងឺឯកជនក្នុងភូមិ ម្នាក់ ហើយគាត់ក៏បានអន្ទងឲ្យអ្នកភូមិដទៃទៀត ដែលធ្លាប់បានទៅពិនិត្យជំងឺជាមួយអ្នកព្យាបាលជំងឺឯកជនក្នុងភូមិ ម្នាក់នោះទៅធ្វើតេស្តឈាមរកមេរោគអេដស៍ដែរ៕
ប្រភពៈ VOD Hot News
Post a Comment