បាត់ដំបងៈ ចំនួនអ្នកឆ្លងមេរោគអេដស៍នៅភូមិរកាក្នុងស្រុកសង្កែ បានរកឃើញមានចំនួន១០៦ នាក់ហើយ កាលពីម្សិលមិញ ធ្វើឲ្យអ្នកភូមិដែលមានភាពតក់ស្លុត និងផ្អើលពេញភូមិនេះនិយាយថា មនុស្សស្ទើរតែមួយភូមិនេះ មានផ្ទុកមេរោគអេដស៍ ខណៈដែលសមត្ថកិច្ច និងពេទ្យជំនាញ នៅមិនទាន់អាចរកប្រភពនៃការចម្លងមេរោគយ៉ាងច្រើននេះនៅឡើយ។
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក តែង គន្ធី ដែលកំពុងមានវត្តមាននៅខេត្តបាត់ដំបង បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋ ចំនួន ១០៦ នាក់ ក្នុងចំណោម ៧៧៥ នាក់ ត្រូវបានរកឃើញថា មានផ្ទុកមេរោគអេដស៍ ក្នុងនោះ មានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ ៨១ នាក់ និងអាយុ ចាប់ពី ១៥ ឆ្នាំចុះមាន ២៥ នាក់ ហើយក៏មានព្រះសង្ឃផងដែរដែលបានឆ្លងជំងឺនេះ។
លោកបញ្ជាក់ថា៖«យើងមិនទាន់ដឹងថាមកពីមូលហេតុអ្វីច្បាស់នោះទេ ប៉ុន្តែជំហានដំបូង តាមមតិពលរដ្ឋ ដែលគាត់ច្បាស់ខ្លួនឯង និងមិនខូចខិលនៅខាងក្រៅនោះថា គឺអាចបណ្តាលមកពីការចាក់ថ្នាំរបស់គ្រូពេទ្យភូមិម្នាក់ តែបើនិយាយពីបច្ចេកទេសយើងត្រូវការភ័ស្តុតាងច្រើនទៀតហើយត្រូវធ្វើការសិក្សានិងសម្ភាសប្រជាជនបន្ថែម»។
អាជ្ញាធរ កំពុងផ្តល់ថ្នាំពន្យារជីវិតនិងថ្នាំព្យាបាលផ្សេងទៀត ដល់អ្នកដែលមានផ្ទុកមេរោគអេដស៍ទាំងនោះខណៈដែលសមត្ថកិច្ច កំពុងតែព្យាយាមធ្វើការបញ្ចុះបញ្ចូល គ្រូពេទ្យប្រចាំភូមិដែលបានគេចខ្លួននោះ ឲ្យចូលខ្លួនដើម្បីធ្វើការសាកសួរ។
ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោក រឿន ប៊ុតរ៉េត បានឲ្យដឹងថា ចាប់តាំងពីប្រជាពលរដ្ឋនាំគ្នាផ្អើលទៅពិនិត្យឈាមរកមេរោគអេដស៍ កាលពីថ្ងៃទី ៨ ខែធ្នូ មក ឃើញថា ចំនួនអ្នកឆ្លងមេរោគអេដស៍បានកើនឡើង។ «តាមរបាយការណ៍បឋមឲ្យដឹងថា ការឆ្លងមេរោគអេដស៍នេះមិនមែនដោយសារការចាក់វ៉ាក់សាំងនោះទេ។ អាជ្ញាធរកំពុងស្រាវជ្រាវរកមូលហេតុ នៃការឆ្លងនោះ»។
ឈរនៅមាត់របង នៃមណ្ឌលសុខភាពឃុំរកា លោកតា សំ ឡម អាយុ ៨០ ឆ្នាំ ដែលជាអាចារ្យវត្តរការស្មី បានឲ្យដឹងថា លោកមានការរន្ធត់បំផុត ក្នុងនាមលោកជាអាចារ្យវត្ត ដែលពុំដែលបានប្រព្រឹត្តអ្វីខុសបន្តិចសោះ ស្រាប់តែមកពិនិត្យឈាមឃើញមេរោគអេដស៍។
លោកបញ្ជាក់ថា៖«សម្រាប់ខ្លួនខ្ញុំវាចាស់ទៅហើយ តែបារម្ភកូនអាយុ១៦ ឆ្នាំ ដែលកំពុងរៀន ពីព្រោះកូនខ្ញុំ ទើបតែចាក់ថ្នាំពីគ្រូពេទ្យនោះបាន ៣ខែ»។
លោកឡម បានព្យាបាលពីគ្រូពេទ្យភូមិនោះតាំងពីឆ្នាំ១៩៩៥ ហេតុដូច្នេះហើយលោកសង្ស័យថា មេរោគអេដស៍នេះអាចឆ្លងពីគ្រូពេទ្យនោះ។
លោកបញ្ជាក់ថា៖«ខ្ញុំតែងតែហៅគាត់មកព្យូរសេរ៉ូមនិងចាក់ថ្នាំឲ្យនៅពេលឈឺដូចជាផ្តាសាយ ក្តៅខ្លួន។ បើខ្ញុំមិនពិនិត្យឈាមមើលទេ ប្រហែលជាខ្ញុំនៅតែមិនជឿថា ខ្ញុំកើតរោគនេះទេ»។
មនុស្សទាំងចាស់ទាំងក្មេងចេញចូលមិនដាច់នៅក្នុងមណ្ឌលសុខភាពរកាកាលពីម្សិលមិញ បាននិយាយទាំងទឹកភ្នែកដោយតក់ស្លុតជាមួយនឹងដៃកាន់ក្រដាសលទ្ធផលពិនិត្យឈាម។
អ្នកស្រី ឡាប លឿត អាយុ ៥៥ឆ្នាំបានថ្លែងថា អ្នកស្រីមិនអាចទទួលយកបានទេនៅពេលដែលពេទ្យប្រាប់ថា អ្នកស្រីមានផ្ទុកមេរោគអេដស៍ ពីព្រោះអ្នកស្រីពុំដែលខូចខិលអ្វីនោះទេ គឺមានតែប្តីមួយប៉ុណ្ណោះ ហើយតែងតែប្រៀនប្រដៅកូន ឲ្យចេះថែរក្សាសុខភាព អ្នកស្រីបានថ្លែងថា៖ «ខ្ញុំប្រាប់កូនប្រយ័ត្នខ្លួន កុំឲ្យកើតមេរោគអេដស៍ ទីបំផុតមេរោគអេដស៍មកចូលនៅក្នុងខ្លួនខ្ញុំ ដោយមិនបានដឹងអ្វីទាំងអស់»។
បើតាមអ្នកស្រីលឿត មនុស្សទាំងចាស់ទាំងក្មេងពេញទាំងភូមិរកា កើតអេដស៍ស្ទើរតែទាំងអស់គ្នា ធ្វើឲ្យអ្នកភូមិមានការរន្ធត់និងព្រួយបារម្ភជាខ្លាំង ខណៈដែលពួកគាត់ក្រីក្ររកអង្ករច្រកឆ្នាំងមិនចង់គ្រប់ស្រាប់តែពេលនេះមានផ្ទុកមេរោគអេដស៍ទៀត។
អ្នកស្រីលឿតថា ៖«ឈឺខំរកពេទ្យចាក់ថ្នាំឲ្យបែរជាគ្រូពេទ្យគេចាក់ថ្នាំសម្លាប់មនុស្ស១ភូមិទៅវិញ»។
លោកសួន រឿន អាយុ ៥៣ ឆ្នាំបានថ្លែងថា នៅពេលដែលលោកទទួលបានលទ្ធិផលពិនិត្យឈាមដំបូង លោកមានការតក់ស្លុត។
លោកថ្លែងថា ៖«ឲ្យតែអ្នកណាទទួលការព្យាបាលពីគ្រូពេទ្យ ជ្រឹម គឺឆ្លងមេរោគនេះទាំងអស់។ ខ្ញុំមិនដឹងថា តើមកពីលោកពេទ្យជ្រឹមប្រើស៊ឺរ៉ាងចាក់ថ្នាំ ឬក៏មកពីថ្នាំ នោះទេ ពីព្រោះគាត់តែងតែជួយពលរដ្ឋនៅក្នុងភូមិនេះ ហៅមកព្យាបាលពេលណាក៏បាន ហើយជំពាក់លុយទៀត គាត់មិនដែលចេះទារទេ»។
លោក ឆែម ជឿន អាយុ ៣២ ឆ្នាំ ជាកូនប្រសារបស់លោកគ្រូពេទ្យភូមិ យ៉ែម ជ្រឹម ដែលកំពុងដេកនៅក្នុងផ្ទះដែលមានលក់គ្រឿងទេស ពីម្សិលមិញថ្លែងថា ឪពុកក្មេករបស់លោក ដែលមានកូន ៦ នាក់នៅក្នុងបន្ទុកគ្រួសារនោះ គឺពុំបានរត់គេចនោះទេ ហើយនឹងចូលបង្ហាញខ្លួននៅពេលសមត្ថកិច្ចកោះហៅ។ ឪពុកលោកបានចេញទៅក្រៅភូមិ ហើយមិនបានវិលចូលមកផ្ទះវិញគឺដោយសារតែមន្ត្រីនគរបាលបានប្រាប់គាត់កុំឲ្យទាន់វិលចូលផ្ទះដោយសារតែខ្លាចពួកអ្នកភូមិផ្ទុះកំហឹង ខណៈអាជ្ញាធរមិនទាន់អាចរកឃើញប្រភពនៃការចម្លងមេរោគអេដស៍នេះ។
លោកបានថ្លែងថា ៖«គេចោទពួកយើងថា កើតអេដស៍ ពួកខ្ញុំទាំងអស់គ្នា ព្រមទាំងម្តាយក្មេកខ្ញុំ បានទៅពិនិត្យឈាមហើយគឺពុំមានអ្វីនោះទេ»។
បើតាមលោក ជឿន ឪពុកលោកមានចរិតស្លូតបូត ហើយតែងតែជួយសង្គ្រោះជីវិតពលដ្ឋរស់នៅក្នុងភូមិ មិនថាយប់ឬក៏ថ្ងៃនោះទេ ហើយរឿងនេះប្រជាពលរដ្ឋក៏បានដឹងដែរ។
លោកប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកសង្កែ បានឲ្យដឹងថា មកដល់ពេលនេះ មន្ត្រីជំនាញកំពុងធ្វើការស៊ើបអង្កេតរកមូលហេតុនៃប្រភពចម្លងមេរោគអេដស៍នេះ ហើយគ្រូពេទ្យនោះគាត់ទៅ តាកែវ ធ្វើបុណ្យម្តាយតាំងពីថ្ងៃទី ៨ ធ្នូ មុនថ្ងៃកើតហេតុ។
គាត់មិនរត់ទៅណាទេ គាត់ទៅធ្វើបុណ្យម្តាយនៅ តាកែវ ហើយគ្រួសារគាត់នៅផ្ទះទាំងអស់គ្នាតើឲ្យយើងទៅចាប់គេម៉េចកើត បើមិនទាន់មានស្អីដាក់បន្ទុកផងនោះ»៕
ប្រភពៈ ភ្នំពេញប៉ុស្តិ៍
Post a Comment