មានការភ្ញាក់ផ្អើលផង ហួសចិត្តផង និងរិះគន់យ៉ាងពេញទំហឹងផងពីមជ្ឈដ្ឋានអ្នកច្បាប់ និងអ្នកតាមដានសំណុំរឿងក្តី ពាក់ព័ន្ធនឹងលោកឧត្តមសេនីយ៍ឧកញ៉ា ថោង សារ៉ាត់ ទៅលើលោក លី សុខលេង ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបានបញ្ជាក់នៅក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ថោង សារ៉ាត់ លេខ៧០៦ត.ព្រ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤ថា ឈ្មោះ ថោង សារ៉ាត់ ត្រូវចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តែបែរជាលោកចៅក្រមរូបនេះអះអាងថា ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា២៨ និងមាត្រា៤០០នៃក្រមព្រហ្មទណ្ឌទៅវិញ ស្មើនឹងការសម្រាលទោសទណ្ឌឲ្យជនត្រូវចោទឈ្មោះ ថោង សារ៉ាត់ ពីប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត មកត្រឹមផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។
ក្រុមអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានធ្វើការពន្យល់ថា ឈ្មោះ ថោង សារ៉ាត់ ដែលត្រូវរងការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ទៅលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ គឺជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា២៨ និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត តែបែរជាលោកចៅក្រម លី សុខលេង អះអាងក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ ថោង សារ៉ាត់ ថាជាបទល្មើសព្រហ្មទណ្ឌ ឲ្យផ្តន្ទាទោសតាមមាត្រា៤០០នៃក្រមព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារត្រឹមពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ជាបទល្មើសពាក់ព័ន្ធនឹងអំពើទទួលផលចោរកម្មទៅវិញ ។
មជ្ឈដ្ឋានអ្នកតាមដានវិស័យកំណែទម្រង់ច្បាប់នៅកម្ពុជា បានធ្វើការរិះគន់ថា សំណុំរឿងឃាតកម្មយ៉ាងកក្រើកប្រទេស បែរជាមន្ត្រីតុលាការថ្នាក់ដល់ចៅក្រមសូត្រមាត្រាច្បាប់ដែលមានស្រាប់របៀបលេងសើចឲ្យមានកំហុសទៅកើត និងអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា បានរិះគន់ទៅលើលោកចៅក្រម លី សុខលេង ថា "ប្រហែលជាមិនទាន់ស្វាងពីស្រវឹងពេលយប់" (Sic!) ។ នេះជាព័ស្តុតាងបង្ហាញអំពីទម្លាប់របៀបរបបធ្វើការខ្ជីខ្ជារបស់មន្ត្រីតុលាការកម្ពុជា ដែលជាស្ថាប័នល្បីល្បាញថាមិនឯករាជ្យក្នុងការប្រើប្រាស់អំណាចរបស់ខ្លួន ។
លោក លី សុខលេង អាយុ៤០ឆ្នាំ ជាសិស្សចៅក្រមជំនាន់ទី២សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងត្រូវបានតែងតាំងជាចៅក្រមកម្មសិក្សាបម្រើការងារនៅសាលាដំបូងខេត្តសៀមរាប ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧០៨/៨៥៩ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៨ ហើយក៏ត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌអង្គចៅក្រម និងចាត់ឲ្យបម្រើការងារជាចៅក្រមសាលាដំបូងខេត្តសៀមរាប ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១០/១២៧ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១០ ។ ក្រោយមកទៀត លោកចៅក្រម លី សុខលេង ត្រូវបានផ្ទេរមុខតំណែងពីចៅក្រមសាលាដំបូងខេត្តសៀមរាប មកបម្រើការងារជាចៅក្រមសាលាដំបូងរាជធានីភ្នំពេញទល់បច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៤/៤៤៨ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ ៕
Post a Comment