លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនទាន់ជឿថា អ្នកភូមិនៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង មានផ្ទុកមេរោគអេដស៍ជាង ១០០នាក់នោះឡើយ។ លោកថ្លែងបែបនេះក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្មនៅថ្ងៃទី១៨ ខែធ្នូ។
លោក ហ៊ុន សែន បន្តថា ករណីនេះគួរប្រើឲ្យអស់លទ្ធភាព ផ្នែកវេជ្ជសាស្ត្រមុននឹងធ្វើការសន្និដ្ឋាន។ ទន្ទឹមគ្នានេះ លោកស្នើឲ្យអាជ្ញាធរពាក់ព័ន្ធគួរពង្រឹងស្ថានភាពស្មារតីរបស់ប្រជាជន និងព័ត៌មានជាក់លាក់ដើម្បីកុំឲ្យពលរដ្ឋមានភាពតក់ស្លុតពីបញ្ហានេះ។ ជាងនេះទៅទៀត អាជ្ញាធរត្រូវធានាពីសុវត្ថិភាពរបស់គ្រូពេទ្យម្នាក់ដែលគេសង្ស័យថា ជាអ្នកចម្លងមេរោគអេដស៍ និងអំពាវនាវដល់ពលរដ្ឋ គួរជៀសវាងប្រើហិង្សាដល់គ្រូពេទ្យនោះ ព្រោះមិនទាន់មានភស្តុតាងបញ្ជាក់ថា គាត់ជាអ្នកចម្លងឡើយ។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នៃក្រសួងសុខាភិបាល បានបង្ហាញកាលពីល្ងាចថ្ងៃទី១៧ ធ្នូ ថាមានអ្នកផ្ទុកមេរោគអេដស៍មានចំនួន ១០៦នាក់ ក្នុងចំណោមអ្នកមកធ្វើតេស្តឈាម ៨៩៥នាក់នៅខេត្តបាត់ដំបង។
ប្រភព៖ RFA
Post a Comment