ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ១៥:០០
ខេត្តកណ្តាល ៖ បុរសចំណាស់ពិការជើងឆ្វេងម្នាក់ ត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកកៀនស្វាយកោះហៅទៅសាកសួរនៅអធិការដ្ឋានស្រុក កាលពីវេលាព្រឹកថ្ងៃទី១៦ ធ្នូ ២០១៤ ដោយយោងតាមពាក្យបណ្តឹងរបស់ស្ត្រីម្នាក់បានចោទប្រកាន់ថា បង្ខាំងមនុស្ស និងជំរិតទារប្រាក់ចំនួន២៥០០ដុល្លារ ។
យោងតាមបណ្តឹងរបស់ដើមចោទឈ្មោះញ៉ែត សយ ភេទស្រី អាយុ៧៣ឆ្នាំ (ជាជីដូនកូនក្រមុំ) មានទីលំនៅក្នុងភូមិត្រពាំងគកោះ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត បាឱ្យដឹងថា កាលពីថ្ងៃទី១៩ វិច្ឆិកា ២០១៤ កន្លមក ជនត្រូវចោទឈ្មោះសុខ ឆាង អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ បានទៅចូលស្តីដណ្តឹងចៅស្រីរបស់គាត់ឈ្មោះផាន ស្រីអួយ អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរនៅភ្នំពេញ បានព្រមព្រៀងរៀបការនៅថ្ងៃទី៣០ វិច្ឆិកា ។
លុះព្រឹកឡើងថ្ងៃទី០១ ធ្នូ ២០១៤ រូបគាត់ និងចៅស្រីឈ្មោះស្រីអួយ បាននាំគ្នាមកលេងផ្ទះខាងប្តីឈ្មោះសុខ ឆាង នៅភូមិអង្គជ័យ ទើបដឹងថា មានប្រពន្ធនិងកូន៤នាក់ទៅហើយ ។
ប្រភពបន្តថា លុះនៅវេលាយប់ថ្ងៃដដែល ឈ្មោះសុខ ឆាង (កូនកំលោះ) មកបបួលឈ្មោះផាន ស្រីអួួយ (កូនក្រមុំ) ទៅដេក តែនាងឈ្មោះស្រីអួយ មិនព្រមទៅ ឈ្មោះសុខ ឆាង ក៏គំរាមកំហែងឱ្យសងថ្លៃបណ្ណាការវិញចំនួន២៥០០ដុល្លារ ទើបឱ្យត្រឡប់ទៅផ្ទះវិញ ។ ហើយនៅព្រឹកថ្ងៃទី០២ ធ្នូ ម្តាយស្រីអួយឈ្មោះខេង សឿ មកដោះស្រាយគ្នា ក៏ត្រូវឈ្មោះសុខ ឆាង គំរាមកំហែងថា បើគ្មានលុយ២៥០០ដុល្លារទេ មិនឱ្យទៅវិញជាដាច់ខាត រហូតដល់ថ្ងៃទី១៦ ធ្នូ ២០១៤ ក៏ត្រូវសមត្ថកិច្ចព្រហ្មទណ្ឌស្រុកកៀនស្វាយចុះមកនាំខ្លួនឈ្មោះសុខ ឆាង យកទៅសួរនាំនៅអធិការដ្ឋានស្រុកតែម្តង ។
ប្រភពៈ កោះសន្តិភាព
Post a Comment