ភ្នំពេញ ៖ គិតរហូតត្រឹម វេលាម៉ោង១១៖៣០នាទី ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នេះ ចំនួន ប្រជាពលរដ្ឋឃុំរកា ស្រុក សង្កែ ខេត្តបាត់ដំបង បានមកធ្វើតេស្ត ចំនួន ៧៧៥នាក់ហើយ ក្នុងនោះមានពលរដ្ឋ ចាស់ក្មេង ចំនួន ១០៦នាក់ ត្រូវបានពិនិត្យឃើញថា មានឆ្លង មេរោគអេដស៍ ។
តួលេខថ្មីនេះ ត្រូវបានបង្ហាញឡើង នៅក្នុងសន្និសីទ សារព័ត៌មានមួយ ដែលរៀប ចំដោយ អាជ្ញាធរ ខេត្តបាត់ដំបង និងមន្ទីរសុខាភិបាល ខេត្តបាត់ដំបង ដឹកនាំដោយលោក ប៊ុត គឹមស៊ាន អភិបាលរង ខេត្តបាត់ដំបង ។
លោក ប៊ុត គឹមស៊ាន និង លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល ខេត្តបាត់ដំបង បានថ្លែងឡើង ដូចគ្នាថា ពលរដ្ឋ មកពិនិត្យឈាម រកមេរោគអេដស៍ បានកើនឡើង ជាបន្តបន្ទាប់រៀងរាល់ថ្ងៃ ក្នុងនោះ គិតត្រឹមម៉ោង១១៖៣០នាទីព្រឹកនេះ ចំនួនអ្នកមកធ្វើ តេស្តឈាម បានឡើងដល់៧៧៥នាក់ ក្នុងនោះ មាន ១០៦នាក់ ត្រូវបានពិនិត្យឃើញថា មានផ្ទុកមេរោគអេដសន៍ ។
លោក ប៊ុត គឹមស៊ាន បានបន្ថែមថា អាជ្ញាធរខេត្ត នឹងបញ្ជូន លទ្ធផលនេះការធ្វើតេស្តឈាមនេះ ទៅពិនិត្យ ម្តងទៀត នៅក្រសួងសុខាភិបាល ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ ។
ទោះជាយ៉ាងណា លោកអះអាងថា ការពិនិត្យឈាមរកមេរោគអេដស៍ នៅមណ្ឌលសុខភាពឃុំ ពុំទាន់បញ្ជាក់ថា នឹង ពិតប្រាកដ សុក្រឹត១០០ភាគរយនោះទេ ។
យ៉ាងណាក៏ដោយ ចំពោះតួលេខថ្មី អាជ្ញាធរខេត្ត រួមទាំងមន្ទីរ សុខាភិបាល នឹងប្រកាសជាផ្លូវការ ម្តងទៀត នៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នេះ ខណៈដែលប្រជាពលរដ្ឋ នៅតែបន្ត មកពិនិត្យឈាម រៀងរាល់ថ្ងៃ។
ដោយឡែក តេង គន្ធី អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ បានថ្លែងថា ក្រុមការងារ កំពុង កោះអញ្ជើញ និងធ្វើការលួងលោម គ្រូពេទ្យប្រចាំភូមិម្នាក់មកសួរនាំ ក្រោយពី ប្រជាពលរដ្ឋរាយការណ៍ថា ពួកគាត់ទទួលការចាក់ថ្នាំ ពីគ្រូពេទ្យម្នាក់នេះ ហើយនៅពេលនេះ លោកកំពុងស្ថិតនៅខេត្តតាកែវឯណោះ ។
យ៉ាងណាក៏ដោយ លោក តេង គន្ធី បានបញ្ជាក់ថា ចំពោះការ ចោទប្រកាន់នោះ ក្រុមការងារ មិនទាន់បាន សម្រេចនៅឡើយទេ ខណៈកំពុង ប្រមូលភស្តុតាងបន្ថែមទៀត៕









Source : ដើមអម្អិល
_
Post a Comment