GuidePedia

0
ភ្នំពេញៈ ស្ត្រី​អ្នកភូមិ​បឹងកក់​ម្នាក់ ក្នុង​ចំណោម​គ្នា​៧​នាក់ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស (ម២) ត្រូវ​បាន​មន្ត្រី​អនុរក្ស​ពន្ធនាគារ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត កាលពី​រសៀល​ថ្ងៃ​ចន្ទ​ម្សិលមិញ បន្ទាប់ពី​អាការ​ជំងឺ​ខ្សោយ​បេះដូង​របស់​គាត់ បាន​ធ្វើ​ទុក​ខ្លាំង ធ្វើឲ្យ​គាត់​ថប់ដង្ហើម។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​លោក​អំ សំអាត មន្ត្រី​ជាន់ខ្ពស់ នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ។
លោក សំអាត បាន​ថ្លែង​ថា អ្នកស្រី ផាន់ ឈុនរ៉េត អាយុ ៥៤ ឆ្នាំ ត្រូវ​បាន​ក្រុម​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ដឹកបញ្ជូន​មក​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​កាលពី​ល្ងាច​ម្សិលមិញ ដើម្បី​ពិនិត្យ​អំពី​ស្ថានភាព​ជំងឺ​បេះដូង​របស់​គាត់។ គ្រូពេទ្យ​បាន​ពិនិត្យ​ឃើញ​ថា ចង្វាក់​បេះដូង​របស់​គាត់​លោត​បាន​ត្រឹមតែ ៣៦​ដង ក្នុង​មួយ​នាទី​ប៉ុណ្ណោះ ដែល​ធ្វើឲ្យ​គាត់​មាន​អាការ​ពិបាក​ក្នុង​ការ​ដកដង្ហើម​។
លោក​បាន​ថ្លែង​បន្ត​ថា តាមធម្មតា មនុស្យ​ដែល​មាន​វ័យ​ចំណាស់​ដូច​គាត់ ចលនា​បេះដូង​អាច​លោត​បាន​ចន្លោះ​ពី ៦០ ទៅ​១០០​ដង​ក្នុង​មួយ​នាទី ទៅ​តាម​ស្ថានភាព​សុខភាព​នៃ​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​សម្រាប់​គាត់ គឺ​ខ្សោយ​ខ្លាំង​ណាស់។ គាត់​ត្រូវ​បាន​ក្រុម​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បញ្ជូន​ទៅ​ក្នុង​បន្ទប់​ថត​កាំរស្មី​អ៊ិច (X-ray) ដើម្បី​ឆ្លុះ​មើល​ថា​តើ​បេះដូង​គាត់ «រីក ឬ រួម»។
យ៉ាង​ហោច​ណាស់ មន្ត្រី​អនុរក្ស​ពន្ធនាគារ​បី​នាក់ បាន​ឈរ​យាម​នៅ​មុខ​បន្ទប់​ព្យាបាល និង​មិន​អនុញ្ញាត ឲ្យ​នរណា​ម្នាក់ ទោះ​ជា​ក្រុម​គ្រួសារ​ចូល​សួរ​សុខទុក្ខ​ឡើយ។
ក្រោយពី​ថត​កាំរស្មី​អ៊ិច​រួច ស្ត្រី​រូប​នេះ​ត្រូវ​បាន​ក្រុម​មន្ត្រី​អនុរក្ស​ពន្ធនាគារ បញ្ជូន​ទៅកាន់​ពន្ធនាគារ​ព្រៃស​វិញ​យ៉ាង​ប្រញាប់ប្រញាល់​បំផុត បន្ទាប់ពី​ក្រុម​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា កម្មវិធី​ពិនិត្យ​ព្យាបាល​ជំងឺ​បេះដូង មាន​តែ​នៅពេល​ព្រឹក​ប៉ុណ្ណោះ​។
លោក​អំ សំអាត បាន​និយាយ​ទៀត​ថា៖«ទោះ​ជា​បែប​ណា គាត់​គួរ​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ស្នាក់​នៅក្នុង​មន្ទីរពេទ្យ ដើម្បី​បន្ត​ធ្វើការ​តាមដាន​អំពី​អាការ​ជំងឺ និង​ធ្វើការ​ព្យាបាល​នៅ​ព្រឹក​ថ្ងៃ​[អង្គារ]​នេះ។ យើង​ពិតជា​បារម្ភ​ពី​ស្ថានភាព​ជំងឺ របស់​គាត់ និង​ក្រុម​ស្ត្រី​ដែល​កំពុង​ធ្វើ​កូដកម្ម​អត់​អាហារ​ផ្សេង​ទៀត នៅក្នុង​ពន្ធនាគារ​ព្រៃស»។
កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១​៤ អ្នកស្រី ផាន់ ឈុនរ៉េត និង​សកម្មជន​ស្ត្រី​ដីធ្លី នៃ​សហគមន៍​បឹងកក់​៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន ដោយសារ​ពួកគាត់​បាន​នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​នៅ​មុខ​សាលា​រាជធានី ទាមទារ​ឲ្យ​មាន​ការ​រៀបចំ​ប្រព័ន្ធ​លូ​បង្ហូរទឹក​ស្រប​តាម​ស្ដង់ដា​បច្ចេកទេស ដើម្បី​រំដោះ​ទឹកជំនន់​ទឹកភ្លៀង ដែល​បាន​ជន់លិច​លំនៅឋាន​របស់​ពួកគាត់៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Post a Comment

 
Top