វេលាម៉ោង១៣រសៀលនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤នេះ នៅចំណុចហាងលក់កាហ្វេមួយកន្លែង តាមបណ្តោយផ្លូវបេតុងលេខ១០៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយកូនតុងទីនប្រមាណជា៥០នាក់ មានប្រុស មានស្រី មានអ្នកលក់ដូរ និងមានទាំងមន្ត្រីរាជការផង នាំគ្នាឡោមព័ទ្ធចាប់ស្ត្រីជាមេតុងទីនម្នាក់ដែលប្រមូលលុយតុងទីនពីសមាជិក សមាជិកាតុងទីនចំនួនរាប់ម៉ឺនដុល្លារអាមេរិកគេចខ្លួនបាត់មួយរយៈ ប្រគល់ឲ្យទៅសមត្ថកិច្ចដោះស្រាយតាមច្បាប់ ។
ស្ត្រីជាមេតុងទីនដែលត្រូវសមាជិក សមាជិកជាកូនតុងទីនឡោមព័ទ្ធចាប់ឃាត់ខ្លួនប្រគល់ទៅឲ្យសមត្ថកិច្ចប៉ូលិស ដោយចោទប្រកាន់ថា បានបោកប្រាស់លុយជាច្រើនម៉ឺនដុល្លារអាមេរិកនោះ មានឈ្មោះ គង់ សុភា ហៅកាម៉ាប់ អាយុ៣២ឆ្នាំ មានទីលំនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមការរៀបរាប់របស់សមាជិក សមាជិកាជាកូនតុងទីន បានឲ្យដឹងថា ពួកខ្លួនបានលេងតុងទីនជាមួយមេតុងទីនឈ្មោះ គង់ សុភា នោះ ខ្លះមានរយៈពេលជាង២ឆ្នាំ ខ្លះជាង១ឆ្នាំ និងខ្លះទៀតទើបចាប់ផ្តើមលេង ដោយមានច្រើនក្បាល ជាអាទិ៍័ ៖ ក្បាល៥ដុល្លារ, ក្បាល១០ដុល្លារ, ក្បាល២០ដុល្លារ ដេញជារៀងរាល់ថ្ងៃ, ក្បាល៥០ដុល្លារ ដេញ១សប្តាហ៍ម្តង និងមានក្បាល១០០ដុល្លារទៀតផង ដែលសរុបទឹកប្រាក់រហូតដល់ទៅប្រមាណ៥០ម៉ឺនដុល្លារអាមេរិក ក៏ស្រាប់តែមេតុងទីនរូបនេះប្រមូលលុយបានហើយរត់គេចខ្លួនបាត់អស់រយៈពេលជាង០៦ខែ នាំឲ្យកូនតុងទីនតាមស្វែងរកមុខដោះស្រាយគ្នារៀងរហូតមកទល់នឹងថ្ងៃចាប់ឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ចចាត់ការតែម្តង ។
នេះគឺជាសារមួយសម្រាប់ជូនដល់អ្នកចូលចិត្តលេងតុងទីនទាំងឡាយ ទុកគ្រាន់ពិចារណាតាមការគួរ ៕
ប្រភព៖ ដើមត្នោត
Post a Comment