រាជធានីភ្នំពេញ៖ មនុស្សម្នាក់បានរងរបួសធ្ងន់ធ្ងរ និងម្នាក់ទៀតបានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈកំពុងជិះម៉ូតូមួយគ្រឿង ហើយត្រូវរថយន្ត បើកបុកពេញទំហឹង និងអូសម៉ូតូជាច្រើនម៉ែត្រនៅសង្កាត់បឹងព្រលឹត។
ហេតុការណ៍គ្រោះថ្នាក់ខាងលើ កើតឡើង កាលពីវេលាម៉ោង០៣និង២៣នាទីទាបភ្លឺ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចផ្លូវលេខ១០៥ កែងផ្លូវលេខ២១៤ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។ក្រោយពីបានបើករថយន្តបង្ករួច រថយន្តបានព្យាយាមបើករត់ និងអូសម៉ូតូជាប់ក្រោយរថយន្តរហូតមកដល់ចំណុចមុខផ្ទះលេខ១៤ តាមបណ្តោយផ្លូវលេខ៥៧ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ត្រូវបានសមត្ថកិច្ចឃាត់ជាប់។
តាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូតូវីវ៉ាមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1AE-4928 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៥ក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តឡង់គ្រីស័រពណ៌សពាក់ស្លាកលេខភ្នំពេញ 2A-4859 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៤ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ដោយមិនមានការប្រុងប្រយ័ត្នហើយបានបុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់និងម្នាក់ស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីពេទ្យ។
ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើសហការណ៍ជាមួយនិនគរបាលជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
ប្រភព៖ សម្លេងសារព័ត៌មានសេវី
Post a Comment