ប្រធានមណ្ឌលសុខភាពរកានៅស្រុកសង្កែខេត្តបាត់ដំបងឲ្យដឹងថា រហូតមកដល់ពេលនេះប្រជាពលរដ្ឋដល់ទៅជាង១៥០០នាក់ហើយ ដែលបានមកស្វែងរកសេវាធ្វើតេស្តឈាមរកមេរោគអេដស៍នៅមណ្ឌលសុខភាព បន្ទាប់ពីមេរោគនេះត្រូវបានឆ្លងទៅមនុស្សជាង១០០នាក់ដែលរស់នៅក្នុងឃុំរកា។
ប្រធានមណ្ឌលសុខភាពរកា លោក ប៊ី បេងស៊ ប្រាប់VODនៅថ្ងៃអង្គារនេះថា ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី២៣ខែធ្នូនេះ ប្រជាពលរដ្ឋដែលមកធ្វើតេស្តឈាមរកមេរោគអេដស៍មានទៅដល់១៥៣៧នាក់។ លោកបន្តថាលោកមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៃការរីករាលដាលនៃមេរោគអេដស៍នៅឡើយទេ តែលោកថាប្រជាពលរដ្ឋភាគច្រើនដែលមានផ្ទុកមេរោគអេដស៍លើកឡើងថាពួកគេបានប្រើថ្នាំចាក់សារ៉ូមរបស់លោកគ្រូពេទ្យ យ៉ែម ជ្រិន ដែលកំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ន។
រហូតមកដល់ពេលនេះ មន្រ្តីជំនាញក្រសួងសុខាភិបាលសហការជាមួយអង្គការអន្តរជាតិផ្នែកសុខភាព ចាប់ផ្តើមធ្វើការស្ទង់មតិទៅលើប្រជាពលរដ្ឋនៅភូមិរការខេត្ត បាត់ដំបង ដើម្បីរកមូលហេតុពិតនៃការចម្លងមេរោគអេដស៍ទៅប្រជាពលរដ្ឋជាង១០០នាក់។ លទ្ធផលបណ្តោះអាសន្ននៃការស្ទង់មតិនេះ នឹងត្រូវចេញផ្សាយនៅសប្តាហ៍ក្រោយ។
លោកវេជ្ជបណ្ឌិតDidier Fontenille នាយកវិទ្យាស្ថានប៉ាស្ទ័រនៅកម្ពុជា ប្រាប់VODកាលពីសប្តាហ៍មុនថាចំនួនសំណាកឈាមដែលត្រូវបានធ្វើ តេស្តថាវិជ្ជមានបានកើនឡើងពីចំនួន៩០ កាលពីថ្ងៃសុក្រ ទី១៩ខែធ្នូ រហូតមកដល់ចំនួន១៤០រហូតមកដល់រសៀលថ្ងៃសៅរ៍ ទី២០ខែធ្នូ។ លោកបន្ថែមថាចំនួននេះអាចនឹងមានច្រើនជាងនេះបន្តទៀត ដោយសារសំណាកឈាមត្រូវបានផ្តល់ជាបន្តបន្ទាប់ពីខេត្តបាត់ដំបងដោយ ក្រសួងសុខាភិបាល។ លោកមិនអាចបញ្ជាក់ថាតើមានសំណាកឈាមប៉ុន្មានដែលត្រូវបានផ្តល់ សម្រាប់ការធ្វើតេស្តរហូតមកដល់ពេលនេះនៅឡើយទេ តែលោកថាក្នុងការធ្វើតេស្តឈាមក៏មានសំណាកឈាមមួយចំនួនអវិជ្ជមានផងដែរ។
រហូតមកដល់ពេលនេះ លោក Didier Fontenille មិនត្រូវបានអនុញ្ញាតឲ្យឆ្លងឆ្លើយព័ត៌មានពីចំនួនមនុស្សដែលរកឃើញថាមានមេរោគអេដស៍នោះទេ ដោយទុកឲ្យមន្រ្តីខ្មែរជាឆ្លើយតបនឹងសារព័ត៌មានវិញ។
ព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបង លោក នួន សាន បានសម្រេចចោទលោកគ្រូពេទ្យយ៉ែម ជ្រិន លើចំណុច៣នៃបទចោទគឺទី១ ការចម្លងជំងឺអេដស៍ទៅអ្នកដទៃ ទី២ ពាក់ព័ន្ធនឹងក្រមព្រហ្មទណ្ឌ(អំពើឃោរឃៅមានទារុណកម្ម) និងទី៣ ពាក់ព័ន្ធនឹងខុសវិជ្ជាជីវៈពេទ្យ។ លោក យ៉ែម ជ្រិន ទំនងនឹងត្រូវជាប់ពន្ធនាគារមួយជីវិត។
កន្លងទៅ ស្នងការរងនគរបាលខេត្តបាត់ដំបង លោក ជេត វន្នី ប្រាប់VODថា លោក យ៉ែម ជ្រិន ជាគ្រូពេទ្យមិនមានអាជីពច្បាស់លាស់ ហើយមានការធ្វេសប្រហែសក្នុងការងារ និងការប្រើប្រាស់សម្ភារៈមិនមានអនាម័យ។លោកបន្តថាតាមរយៈការសាក សួរ គ្រូពេទ្យឈ្មោះ យ៉ែម ជ្រិន បានសារភាពថាខ្លួនព្យាបាលអ្នកជំងឺដោយធ្វេសប្រហែស និងបានប្រើសឺរាំងដដែលៗសម្រាប់អ្នកជំងឺ។ លោកបញ្ជាក់ថា«គាត់[យ៉ែម ជ្រិន]ប្រើសឺរាំងមិនមានអនាម័យ ត្រឹមត្រូវតាមវិជ្ជាជីវៈ»៕
Post a Comment