GuidePedia

0
អ្នក​លក់​ភេសជ្ជៈ និង​វត្ថុ​អនុស្សាវរីយ៍​នៅមុខ​ប្រាសាទ​បាខែង ខេត្តសៀមរាប រាប់សិប​នាក់ចោទប្រកាន់​អាជ្ញាធរ​ជាតិ​អប្សរា​ថាយក​លេសកាត់បន្ថយ​ផលប៉ះពាល់​ទេសភាព​វប្បធម៌​បុរាណ បរិស្ថាន និង​បុរាណវិទ្យា នៅ​តំបន់​រមណីយដ្ឋាន​ប្រវត្ដិសាស្ដ្រ​អង្គរ ដើម្បី​បណ្ដេញ​ពួក​គាត់​ចេញ​ពី​កន្លែង ដែល​ពួកគាត់​ធ្លាប់​រកស៊ី​ចិញ្ចឹម​ជីវិត​ជា​យូរ​មក​ហើយ​។​
​អាជីវករ​ចូលរួម​តវ៉ា​ប្រឆាំង​នឹង​កម្លាំង​អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​គម្រោង​ចុះ​រុះរើ​តូប​លក់ដូរ​របស់​ពួកគេ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ឲ្យដឹងថា  ការដែល​អាជ្ញាធរ​ជាតិ​អប្សរា​បង្ខំ​ឲ្យ​ពួកគេ​រុះរើ​តូប​លក់ដូរ​ទៅ​កន្លែង​ផ្សេង​នោះ គឺ​ដើម្បី​បង្កើត​ស្ដង់​លក់​កាហ្វេ និង​រោង​ដាក់​កាបូបឲ្យទេសចរទស្សនា​ប្រាសាទភ្នំបាខែង មិនមែន​ដើម្បី​ការពារ​បរិស្ថាន និង​ទេសភាព​វប្បធម៌​បុរាណ​ស្អី​នោះទេ​ ។​
អាជីវករ​លក់​នៅ​ខាង​មុខ​ប្រាសាទភ្នំ​បាខែង អ្នកស្រី ម៉ាត់ លី ដែល​មាន​មុខរបរលក់ដូរ​នៅ​តាម​ប្រាសាទបុរាណ​តាំងពី​ឆ្នាំ​១៩៩៣​មក ប្រាប់​VOD ​នៅ​កន្លែង​ប្រមូលផ្ដុំ​ថា ការលក់ដូរ​នៅខាងមុខ​ប្រាសាទភ្នំបាខែង​នោះ មិន​មាន​ផលប៉ះពាល់​ដល់​បុរាណ​វិទ្យា និង​សណ្ដាប់​ឡើយ ប៉ុន្ដែ​អាជ្ញាធរ​មាន​គម្រោង​យក​កន្លែង​នោះ ដើម្បី​ជា​ប្រយោជន៍​បុគ្គល​។
​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ប៊ុន ណា​រិទ្ធិ បដិសេធ​ការចោទប្រកាន់​របស់​អា​ជី​វករ​ទាំងនោះ​ថា អាជ្ញាធរ​គ្មាន​គម្រោង​ធ្វើ​ដូច​ការចោទប្រកាន់​របស់​អាជីវករ​នោះទេ ផ្ទុយ​ទៅ​វិញ​គឺ​អាជ្ញាធរ​ចង់ឲ្យ​ពួកគាត់​លក់ដូរ​មាន​របៀប និ​ង​សណ្ដាប់ធ្នាប់​ល្អ​។
​សូមបញ្ជាក់​ថា អាជ្ញាធរ​ជាតិ​អប្សរាកាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លងទៅនេះបាន​ចេញ​សេចក្ដីជូនដំណឹង ឲ្យ​ក្រុម​អាជីវករ​នៅ​ខាង​មុខ​ប្រាសាទភ្នំបាខែង និង​ខ្លោងទ្វារ​ប្រាសាទ​អង្គរធំ (​ទន្លេ​អុំ​) រុះរើ​តូប​ពួកគេ​ចេញ​ឲ្យអស់​ជា​ស្ថាពរ នៅ​ថ្ងៃ​ទី​១៥ ​ខែ​ធ្នូ​នេះ ក្រោម​ហេតុផលកាត់បន្ថយ​ផលប៉ះពាល់​ទេសភាព​វប្បធម៌​បុរាណ បរិស្ថាន និង​បុរាណវិទ្យា នៅ​តំបន់​រមណីយដ្ឋាន​ប្រវត្ដិសាស្ដ្រ​អង្គរ​៕
តូប​លក់វត្ថុអនុស្សាវរីយ៍ ដែល​អាជ្ញា​ធរ​ឲ្យ​រុះ​រើ​ 
ប្រភពៈ VOD

Post a Comment

 
Top