កាលពីថ្ងៃសុក្រម្សិលមិញនេះ គណៈកម្មការគ្រប់គ្រងជាតិស្រវឹងថៃ គ្រោងហាមឃាត់រាល់ការលក់គ្រឿងស្រវឹងក្នុងថ្ងៃចូលឆ្នាំសាកល និងចូលឆ្នាំថ្មីប្រពៃណីជាតិថៃ។
បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការរួច រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Rajata Rajatanavin បាននិយាយថា គម្រោងនេះត្រូវត្រួតពិនិត្យឲ្យបានល្អិតល្អន់ និងសិក្សាឲ្យបានស៊ីជម្រៅ ព្រោះវាអាចប៉ះពាល់ដល់មនុស្សជាច្រើន។ លើសពីនេះ គេនឹងធ្វើការស្ទាបស្ទង់ជាសាធារណៈ ដើម្បីសង្កេតមើលពីប្រតិកម្មរបស់ប្រជាជន។
កិច្ចប្រជុំ ក៏បានយល់ព្រមផងដែរ ទៅលើវិធានការទប់ស្កាត់ការជួញដូរគ្រឿងស្រវឹងជិតគ្រឹះស្ថានអប់រំ ប៉ុន្តែត្រូវរង់ចាំគណៈកម្មការគ្រប់គ្រងជាតិស្រវឹងផ្ដល់គម្រោងច្បាស់លាស់ មុនបញ្ចេញច្បាប់នោះ។
កាលពីថ្ងៃទី៣ ខែធ្នូ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺ បានដាក់សំណើហាមឃាត់រាល់ការលក់ដូរគ្រឿងស្រវឹងទូទាំងប្រទេសក្នុងថ្ងៃទី៣១ ខែធ្នូ និងថ្ងៃទី ៣១ខែធ្នូ ព្រមទាំងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសាខាងមុខ។ គម្រោងនេះ ស្នើឡើងក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងដោយគ្រឿងស្រវឹង។
សេចក្ដីព្រាងច្បាប់ ត្រូវបានទទួលយដោយគណៈកម្មការ កាលពីម្សិលមិញនេះ និងត្រូវលើកយកទៅពិនិត្យពិច័យដោយគណៈកម្មការគោលនយោបាយគ្រប់គ្រងជាតិស្រវឹងជាតិ នៅថ្ងៃពុធសប្តាហ៍ក្រោយ៕
ប្រភពៈ Sabay News
Post a Comment