ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូចំនួន២គ្រឿង បុកគ្នាបណ្តាលឲ្យ អ្នកបើកបរទាំងសងខាង របួសធ្ងន់ និងស្ត្រីអ្នករួមដំណើរ មានផ្ទែពោះ៦ខែ មិនដឹងថា មានប៉ះពាល់ដល់ទារក ក្នុងផ្ទៃដែរឬអត់។ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើងនៅ ម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី២២ ធ្នូ ២០១៤ នៅលើផ្លូវលំពី ភូមិអូស្ងួត ទៅភូមិសំបួរ ស្ថិតក្នុងភូមិ អូរអណ្តូងលិច ឃុំបន្ទាយនាង ស្រុកមង្គលបូរី ។
លោកអនុសេនីយ៍ឯក ហ៊ីង ហាន អធិការរងនគរបាល ស្រុកមង្គលបូរី ទទួលផ្នែក សណ្តាប់ធ្នាប់ចរាចរណ៍ បានឲ្យដឹងថា អ្នកបើកបរម៉ូតូទាំង២គ្រឿង ដែលរងរបួសធ្ងន់ ម្នាក់ឈ្មោះកង ហឿម ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិអូរអណ្តូងកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី បើកបរម៉ូតូម៉ាក ហុងដាធុន សេ១១០ ពណ៌ក្រហម-ខ្មៅ ស្លាកលេខប.មានជ័យ 1H.0176 ជិៈម្នាក់ឯង។ ចំណែកអ្នកបើកបរ ម៉ូតូ១គ្រឿង ទៀត ឈ្មោះកែ សារ៉ាត់ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បើកបរម៉ូតូម៉ាក ហុងដាធុនសេ១២៥ សេរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1D.2564 ឌុបប្រពន្ធពីក្រោយ។
លោកអធិការរងបានបញ្ជាក់ថា តាមសាក្សីនៅកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គេឃើញម៉ូតូរបស់ ឈ្មោះ កង ហឿម បានបើកមកពីទិស ខាងកើតទៅលិច ពេលដល់ចំណុច កើតហេតុបត់ឆ្វេង ស្របពេលនោះ មានម៉ូតូ១គ្រឿងទៀត បើកបរដោយឈ្មោះ កែ សារ៉ាត់ ឌុបប្រពន្ធពីក្រោយ បើកស្របទិសគ្នា បានបុកចំឈ្នាន់ បណ្តាលឲ្យម៉ូតូ ដួលទាំង២គ្រឿង ឈ្មោះកង ហឿម បាក់ឆ្អឹងស្មងជើងឆ្វេង ដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យ ខេត្តបាត់ដំបង ចំណែកឈ្មោះកង សារ៉ាត់ បាក់ឆ្អឹងដងកាំបិតឆ្វេង និង ប្រពន្ធមានផ្ទៃពោះ៦ខែ ជិៈពីក្រោយ រងរបួសស្រាល ប៉ុន្តែមិនដឹងទារកក្នុងផ្ទៃ យ៉ាងណានោះទេ ទាំង២នាក់ប្តីប្រពន្ធ ក៏ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ខេត្តបាត់ដំបងផងដែរ ។ បច្ចុប្បន្ន វត្ថុតាងសមត្ថកិច្ចជំនាញ បានយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុក រង់ចាំធ្វើការដោះស្រាយ ពេលក្រោយ៕


ទិដ្ឋភាពនៅកន្លែងកើតហេតុ
ប្រភព៖ កោះសន្តិភាព
Post a Comment